ព្រះសង្ឃទូទាំងស្រុកសំបូរ ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

17-06-2026 19:45

(ភ្នំពេញ)៖ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ (ឧត្តមបញ្ញា) ព្រះរាជាគណៈកិត្តិយសនៃព្រះរាជា​ណា​ចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្ត​ព្រះ​វិហារ​ធំ សសរ១០០ ព្រមទាំងព្រះសង្ឃនៅទូទាំងស្រុកសំបូរ ខេត្តក្រចេះ ចម្រើនពរថ្វាយព្រះពរ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរគម្រប់៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា និងព្រះសង្ឃនៅទូទាំងស្រុកសំបូរ សូម​ព្រះបរមរាជានុញ្ញាតសម្តែងនូវការគោរពកោតសរសើរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់​ព្រះបញ្ញាញាណ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ក្នុងវិស័យអប់រំសិក្សាធិការ ព្រះពុទ្ធសាសនា សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងជាពិសេសព្រះរាជសកម្មភាព ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គម កម្ពុជានាពេលកន្លងមក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អាត្មាភាព ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃនៅទូទាំងស្រុកសំបូរ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និងប្រោះព្រំ ប្រទានព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លាជានិច្ចនិរន្តរ៍តរៀងទៅ៕