ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ
03-08-2026 15:37
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
សារលិខិរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី មានខ្លឹមសារដូចតទៅ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចតេជោ សូមទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ដ៏ត្រចះត្រចង់ក្នុងបេសកកម្មឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ចំពោះប្រជាជន និងប្រទេសជាតិ។
ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់ព្រះអល់ឡោះជាម្ចាស់ សូម ប្រសិទ្ធបវរមហាប្រសើរជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រម ទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយ សេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ និងភរិយា៕






